នាថ្ងៃទី៦-៧ ខែមេសា ឆ្នាំ២០២៦ វិទ្យាស្ថានគរុកោសល្យបាត់ដំបង បានរៀបចំសិក្ខាសាលា ស្តីពី "ការអនុវត្តស្វ័យវាយតម្លៃផ្អែកលើលទ្ធផលការងាររបស់មន្ត្រីអប់រំនៃវិទ្យាស្ថានគរុកោសល្យបាត់ដំបង" ក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិត ជា រដ្ឋានាយកវិទ្យាស្ថាន ដោយមានការអញ្ជើញចូលរួមពីសំណាក់គណៈគ្រប់គ្រង និងមន្ត្រីអប់រំទាំងអស់នៃវិទ្យាស្ថាន។ សិក្ខាសាលានេះ ជាឱកាសដ៏វិសេសវិសាលរបស់វិទ្យាស្ថានក្នុងការផ្សព្វផ្សាយ និងណែនាំអំពីគោលការណ៍នៃការអនុវត្តស្វ័យវាយតម្លៃផ្អែកលើលទ្ធផលការងារ ព្រមទាំងការបំពេញបែបបទស្វ័យវាយតម្លៃសម្រាប់បុគ្គលិកអប់រំគ្រប់រូបក្នុងឆ្នាំសិក្សា ២០២៥-២០២៦ នេះ។
ក្នុងឱកាសបើកសិក្ខាសាលា ឯកឧត្តមបណ្ឌិតនាយកវិទ្យាស្ថាន បានគូសបញ្ជាក់ពីគោលបំណង និងសារៈសំខាន់មិនអាចខ្វះបាននៃសិក្ខាសាលានេះ ដែលជាផ្នែកមួយជួយដល់បុគ្គលិកអប់រំផ្ទាល់ ក៏ដូចជាជួយដល់ថ្នាក់ដឹកនាំក្នុងការរៀបចំផែនការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ (CPD) ដែលឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់គ្រូឧទ្ទេស និងស្របតាមផែនការយុទ្ធសាស្ត្ររបស់ក្រសួងអប់រំ យុវជន និងកីឡា។
បន្ទាប់ពីកិច្ចប្រកាសបើកជាផ្លូវការ លោកស្រីបណ្ឌិត ទេព វណ្ឌី នាយិការងវិទ្យាស្ថាន បានដឹកនាំអង្គសិក្ខាសាលា ដោយធ្វើបទបង្ហាញយ៉ាងក្បោះក្បាយ ដើម្បីឱ្យបុគ្គលិកអប់រំគ្រប់រូបយល់ច្បាស់អំពី៖
✅ តួនាទី ភារកិច្ច ឋានៈ និងស្តង់ដាវិជ្ជាជីវៈរបស់គ្រូឧទ្ទេស
✅ ការណែនាំអំពីការប្រើប្រាស់ឧបករណ៍ស្វ័យវាយតម្លៃ
✅ ការអនុវត្តបំពេញឧបករណ៍ស្វ័យវាយតម្លៃផ្ទាល់ខ្លួន ដើម្បីទុកជាទិន្នន័យមូលដ្ឋានសម្រាប់គណៈគ្រប់គ្រង ក្នុងការរៀបចំផែនការអភិវឌ្ឍវិជ្ជាជីវៈឱ្យមានប្រសិទ្ធភាព។
សិក្ខាសាលនេះ ជាឱកាសដ៏សំខាន់សម្រាប់បុគ្គលិកអប់រំគ្រប់រូប ក្នុងការឆ្លុះបញ្ចាំងពីសមត្ថភាព និងលទ្ធផលការងាររបស់ខ្លួនក្នុងរយៈពេលកន្លងមក។ តាមរយៈការធ្វើស្វ័យវាយតម្លៃនេះ មិនត្រឹមតែជួយឱ្យបុគ្គលិកម្នាក់ៗស្វែងយល់ពីចំណុចខ្លាំង និងចំណុចដែលត្រូវកែលម្អប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការកសាងធនធានគ្រូឧទ្ទេសដែលមានគុណវុឌ្ឍិខ្ពស់ ដើម្បីចូលរួមចំណែកលើកកម្ពស់គុណភាពអប់រំ និងបណ្តុះបណ្តាលគរុសិស្ស-និស្សិតឱ្យក្លាយជាគ្រូបង្រៀនប្រកបដោយវិជ្ជាជីវៈនាពេលអនាគត។